នៅពេលគេនិយាយអំពីប្រទេសស្វីស គ្រប់គ្នាប្រហែលជាគិតដល់ភ្លាម ដែនដីដែលពោរពេញដោយសន្តិភាព ភាពរីកចម្រើន ភាពទំនើប និងហិរញ្ញវត្ថុជាដើម។ មានរឿងពិតជាច្រើន ដែលកូនខ្មែរគួរដឹង និងស្វែងយល់អំពីប្រទេសតូចមួយស្ថិត​ក្នុងទ្វីប​អឺរ៉ុបមួយនេះ។

១. ស្វីស គឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរក្នុងលោក ដែលប្រើប្រាស់រូបសញ្ញាលេខបូក ដូចកាកបាទក្រហម ជាទង់ជាតិរបស់ខ្លួន ដូចគ្នានឹងដែនដីវ៉ាទីកង់ (Vatican)។ ដោយសារបែបនេះទេដឹងទើបស្វីស ត្រូវបានគេចាត់ទុកជាប្រទេសដែលមានចិត្តសប្បុរសធម៌បំផុតដែរ ជាក់ស្តែងលោកវេជ្ជបណ្ឌិត Beat Richner អតីតនាយកមន្ទីរពេទ្យគន្ធបុផ្ជា ក៏ជាជនជាតិស្វីសដែរ។

២. ប្រទេសត្រៀមខ្លួនជានិច្ច សម្រាប់ការប្រឈមនឹងសង្គ្រាមនុយក្លែរអ៊ែរ ទោះបីជាប្រទេសនេះមិនធ្លាប់ជួបក៏ដោយ។ ទូទាំងប្រទេស ពិសេសទីលំដ្ឋានប្រជាជន ជម្រកការពារនុយក្លែរអ៊ែរត្រូវបានសាងសង់ ដើម្បីសុវត្ថិភាពប្រជាជនខ្លួន ក្នុងករណីមានការវាយប្រហារ​ដោយអាវុធនុយក្លែរអ៊ែរ។

៣. ច្រកសំខាន់ចូលក្នុងទឹកដីស្វីស នឹងត្រូវកាត់ផ្តាច់ភ្លាមៗ ក្នុងករណីមានការឈ្លានពានពីបរទេស។ ប្រទេសនេះបានរៀបចំយុទ្ធសាស្រ្តការពារជាតិមួយដ៏អស្ចារ្យ គឺផ្លូវធំៗ ស្ពាន និងផ្លូវដែកដែលអាចឆ្លងចូលប្រទេស អាចកាត់ផ្តាច់ភ្លាមៗបាន ក្នុងករណីមានការវាយលុកពីកងទ័ពបរទេស យ៉ាងហោចណាស់ជាង ៣,០០០ទីតាំង។

៤. កាហ្វេនៅទីក្រុង Zurich មានតម្លៃថ្លែជាងគេបំផុតក្នុងលោក ជាមួយតម្លៃជាមធ្យម ៣.៦៥ដុល្លារអាមេរិច ក្នុងមួយកែវ។ ចំណែកឯទីក្រុងផ្សេងៗទៀតក្នុងប្រទេសស្វីសដូចជាទីក្រុងបាសែល ទីក្រុងប៊ឺន និងទីក្រុងហ្ស៊ឺណែវ សុទ្ធតែជាទីក្រុងដែលមាន​កាហ្វេថ្លៃជាងគេបំផុតក្នុងលោក។ ប្រទេសស្វីស ក៏ជាប្រទេសរបស់ក្រុមហ៊ុន Nestlé ដែលបានបង្កើតតាំងពីឆ្នាំ១៨៦៧ និងក្រុមហ៊ុន Nescafe នៅឆ្នាំ១៩៣៨។

ហាងកាហ្វេមួយកន្លែង ជិតបឹងមួយក្នុងទីក្រុង Zurich ប្រទេសស្វីស

៥. ប្រជាជនស្វីស អាចប្រឆាំងនឹងសេចក្តីសម្រេចច្បាប់ណាមួយក្រោយការសម្រេចសភាបាន ដោយគ្រាន់តែប្រមូលស្នាមមេដៃប្រជាជនឲ្យបានយ៉ាងតិច ៥ម៉ឺននាក់ ក្នុងរយៈពេល១០០ថ្ងៃក្រោយការអនុម័ត។ ក្រោយមក ប្រជាមតិមួយត្រូវបានធ្វើឡើងទូទាំងប្រទេស ថាត្រូវបន្តទទួលយកច្បាប់នេះ ឬត្រូវបដិសេធ។

៦. ស្វីស ជាប្រទេសដែលមានគំនិតឆ្នៃប្រឌិត និងបង្កើតថ្មីខ្ពស់បំផុតក្នុងលោកដូចជា សំភារៈប្រើប្រាស់មួយចំនួន រហូតដល់អ្នកវិទ្យាសាស្រ្តស្វីសបានបង្កើតថ្នាំដើម្បីបំបាត់ការឈឺចាប់ និងបញ្ហាផ្លូវចិត្តទៀតផង។ ស្វីស បានជាប់ចំណាត់ថ្នាក់លេខ១រហូតដល់៧ឆ្នាំជាប់ៗ ជាប្រទេសដែលមានគំនិតឆ្នៃប្រឌិតខ្ពស់បំផុត ល្អជាងអាមេរិចដែលស្ថិតនៅលេខ៤ និងអង់គ្លេស​ ស្ថិតនៅលេខ៥ (យោងតាមរបាយការណ៍អង្គការ WIPO)។

៧. មនុស្សប្រុសស្វីស មានអាត្រាអាយុសង្ឃឹមរស់យូរជាងគេបំផុតក្នុងលោក ពោលគឺជាមធ្យម ប្រជាជន (បុរស) របស់ស្វីសអាចរស់បានរហូតដល់ ៨១.៣ឆ្នាំ ស្របពេលដែលមនុស្សស្រីរស់បានរហូតដល់ ៨៥.៣ឆ្នាំ នេះបើយោងតាមរបាយការណ៍​អង្គការសុខភាពពិភពលោក (WHO)។ ស្ថិតិនេះ បានធ្វើឲ្យប្រជាជនស្វីសទាំងមូល មានអាយុសង្ឃឹមរស់យូរជាងគេទី២ បន្ទាប់ពីប្រជាជនជប៉ុន ស្របពេលដែលប្រជាជនលើពិភពលោក មានអាយុសង្ឃឹមរស់ត្រឹម៦៥ឆ្នាំប៉ុណ្ណោះ។

៨. ការចិញ្ចឹមសត្វសុនក ត្រូវបានគិតពន្ធ ហើយតម្លៃពន្ធដែលត្រូវបង់ទៅតាមទំហំ និងទម្ងន់របស់សត្វសុនកផ្ទាល់។ ម្ចាស់សុនក ត្រូវបានតម្រូវឲ្យទទួលវគ្គបណ្តុះបណ្តាលអំពីរបៀបចិញ្ចឹមថែទាំឲ្យបានល្អបំផុត។

៩. ស្វីស ជាកន្លែងរស់នៅប្រកបដោយសេចក្តីសុខបំផុត៖ យោងតាមរបាយការណ៍នៃចំណាត់ថ្នាក់ពិភពលោកឆ្នាំ២០១៥ ស្វីស បានក្លាយជាប្រទេសដែលមានសុភមង្គលជាងគេបំផុតក្នុងលោក (World’s Happiness Country) ដែលមានន័យថា ស្វីសជា​ប្រទេសដែលគួរឲ្យចង់រស់នៅបំផុត។ ក្នុងចំណោមចំណាត់ថ្នាក់ប្រទេសសរុប១៥៦ បន្តពីប្រទេសស្វីស គឺប្រទេសដឺណាម៉ាក។

ទេសភាពដ៏ទាក់ទាញមួយ ក្នុងប្រទេសស្វីស

១០. ប្រទេសសម្បូរដោយភ្នំខ្ពស់បំផុត៖ ស្វីស មានភ្នំដែលមានកម្ពស់ខ្ពស់ជាង៣០០០ម៉ែត្រ រហូតដល់ ២០៨ ហើយក្នុងចំណោមនោះ ២៤ មានកម្ពស់ខ្ពស់ជាង ៤០០០ម៉ែត្រ ហើយភ្នំឈ្មោះ Monte Rosa មានកម្ពស់រហូតដល់ ៤,៦៣៤ម៉ែត្រ ស្ថិតនៅព្រំដែនរវាងស្វីស និងអ៊ីតាលី។

១១. ស្វីសជាប្រទេសដែលមានកម្រិតបទឧក្រិដ្ឋទាបជាងគេបំផុត សម្រាប់បទល្មើសដោយអាវុុធ។ នៅក្នុងឆ្នាំ២០១៥ ប្រទេសស្វីស មានអាត្រាស្លាប់ដោយកាំភ្លើងត្រឹម ០.៥ ក្នុងចំណោមប្រជាជន១០០,០០០នាក់ ដែលប្រៀបធៀបនឹងអាមេរិច អាត្រា ៥នាក់ ក្នុងចំណោម ១០០,០០០នាក់។ យោងតាមរបាយការណ៍មួយ បានប៉ាន់ស្មានថា ក្នុងចំណោមប្រជាជន ១០០នាក់ មានអាវុធរហូតដល់ ៤៥.៧ដើមឯណោះ ដែលទិន្នន័យនេះ ធ្វើឲ្យស្វីសក្លាយជាប្រទេសទី៣ ដែលមានប្រជាជនកាន់កាំភ្លើងច្រើនជាងគេ បន្ទាប់ពីអាមេរិច (៨៨.៨នាក់/១០០នាក់) និង យ៉េម៉ែន (៥៤.៨នាក់/១០០នាក់)។

ទទួលសិទ្ធិផ្សព្វផ្សាយអត្ថបទពីគេហទំព័រ៖ ហាតប៊ុក

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)
សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)