ការបំភាយឧស្ម័ន ចេញពីរោងចក្រមួយ នៅប្រទេសចិន
ការបំភាយឧស្ម័ន ចេញពីរោងចក្រឧស្សាហកម្មធុនធ្ងន់

ស្របពេលដែលកំដៅភពផែនដីកាន់តែឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិភពលោកក៏កំពុងញាប់ដៃញាប់ជើងពិភាក្សាគ្នារកដំណោះស្រាយឲ្យបានជាបន្ទាប់ និងឲ្យមានប្រសិទ្ធភាពផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ សន្និសីទស្តីពីអាកាសធាតុ កំពុងរៀបចំនៅទីក្រុងប៉ារីស ប្រទេសបារាំង។ បើមិនមានវិធានការទប់ស្កាត់ទេ ប្រទេសមួយចំនួននឹងត្រូវលិចបាត់ពីផែនទីពិភពលោក ក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ខាងមុខប៉ុណ្ណោះ។

មូលហេតុចំបងមួយ នៃការឡើងកំដៅភពផែនដី គឺការបំភាយឧស្ម័ន កាបូនិក (CO2) ទៅកាន់បរិយាកាស ដែលស្របគ្នានេះ សំណួរមួយបានចោទសួរដើម្បីរកមុខឲ្យឃើញ ថាអ្នកណាដែលបង្កើតឧស្ម័នដ៏អាក្រក់នេះច្រើនជាងគេ ស្របពេលដែលផលប៉ះពាល់ស្មើគ្នានោះ?

តាមរយៈរបាយការណ៍របស់ក្រសួងថាមពលអាមេរិច (US Department of Enegy) បានបង្ហាញថា មហាយក្សចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ គឺជាអ្នកដែលបំភាយឧស្ម័ន CO2 នេះច្រើនជាងគេរហូតដល់ ២៣.៣៣% នៃឧស្ម័នCO2 សរុបដែលបំភាយទៅកាន់ភពផែនដី។ ដោយសារនយោបាយសេដ្ឋកិច្ច និងការដាក់នយោបាយថាមពលជាអាទិភាព មហាអំណាចសេដ្ឋកិច្ចថ្មីថ្មោងចិន បានវ៉ារដាច់ជប៉ុន ហើយមកអង្គុយកៅអីទី២ បន្ទាប់ពីអាមេរិច កាលពីឆ្នាំ២០១០ ដែលទាំងនេះ សុទ្ធតែជាមូលហេតុ នៃការបង្កើតឧស្ម័ន CO2 នេះ។

 

co2emssionsbycountry
តារាងបង្ហាញ ប្រទេសដែលបានបំភាយឧស្ម័ន CO2 ទៅកាន់ភពផែនដី (ប្រភព៖ U.S Department of Energy)

តាមរយៈរបាយការណ៍ខាងលើនេះ បានបង្ហាញថា៖

១. ប្រទេសចិន៖ បញ្ចេញឧស្ម័ន CO2 រហូតដល់ ជាង៧ពាន់លានតោន ដែលស្មើនឹង ២៣.៣៣%

២. សហរដ្ឋអាមេរិច៖ បញ្ចេញឧស្ម័ន CO2 រហូតដល់ ជាង៥ពាន់លានតោន ដែលស្មើនឹង ១៨.១១%

៣. សហភាពអឺរ៉ុប៖ បញ្ចេញឧស្ម័ន CO2 រហូតដល់ ជាង៤ពាន់លានតោន ដែលស្មើនឹង ១៤.០៤%

៤. ប្រទេសឥណ្ឌា៖ បញ្ចេញឧស្ម័ន CO2 រហូតដល់ ជាង១ពាន់លានតោន ដែលស្មើនឹង ៥.៧៨%

៥. ប្រទេសរុស្ស៊ី៖ បញ្ចេញឧស្ម័ន CO2 រហូតដល់ ជាង១ពាន់លានតោន ដែលស្មើនឹង ៥.៦៧%

គួរបញ្ជាក់ថា “ការឡើងកំដៅភពផែនដី ឬ Global Warming” បានក្លាយជាប្រធានបទក្តៅ និងសំខាន់បំផុតមួយសម្រាប់មេដឹកនាំពិភពលោក ដែលត្រូវរួបរួមគ្នាពិភាក្សា និងរកដំណោះស្រាយជាបន្ទាន់។ ជាក់ស្តែង គ្រោះថ្នាក់ទាំងឡាយដែលបង្កឡើងដោយធម្មជាតិ កំពុងតែបន្តគំរាមកំហែង ពិភពលោក ឧទាហរណ៍ រលកយក្សស៊ូណាមី នៅជប៉ុនឆ្នាំ២០១១ ការឡើងកំដៅខ្លាំងនៅឥណ្ឌា ឆ្នាំ២០១៥ ថ្មីៗ។ លើសពីនេះ ប្រទេសតូចៗ ដែលជាដែនដីកោះមួយចំនួនដូចជា ម៉ាឌីវ បង់ក្លាដេស ឬប៉ាពូញូវហ្គីណេ ជាដើម អាចនឹងត្រូវលេចចូលទៅក្នុងផ្ទៃទឹក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។

 

ប្រភព៖ U.S Department of Energy, GCC News

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….