Delegations_For_Managers

១. កំណត់ការងារដែលត្រូវផ្ទេរ៖ មិនមែនគ្រប់ការងារទាំងអស់សុទ្ធតែត្រូវការផ្ទេរឲ្យថ្នាក់ក្រោមនោះទេ គឺយើងត្រូវជ្រើសរើសយកការងារណាខ្លះដែលគួរផ្ទេរឲ្យអ្នកដទៃ ហើយការងារណាខ្លះដែលគួរតែធ្វើខ្លួនឯង។

២. ជ្រើសរើសបុគ្គល ឬក្រុមដែលត្រូវទទួល៖ មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលការងារពីអ្នកបានឡើយ។ ដូចនេះ អ្នកត្រូវតែស្វែងរក និងកំណត់ឲ្យបានច្បាស់ថា បុគ្គលណា ឬក្រុមណាដែលអាចទទួលខុសត្រូវការងារ និងធ្វើវាបានសម្រេចលទ្ធផលល្អ។ ត្រង់ចំនុចនេះ អ្នកត្រូវតែស្គាល់ឲ្យបានច្បាស់ពីការងារ និងមនុស្សដែលត្រូវទទួល ពោលគឺទំហំ/ប្រភេទការងារ ជាមួយសមត្ថភាព/ឆន្ទះរបស់មនុស្ស។

៣. វាយតម្លៃសមត្ថភាព និងបណ្តុះបណ្តាលបន្ថែម៖ ក្នុងករណីចាំបាច់អ្នកត្រូវតែវាយតម្លៃសមត្ថភាព​​ពួកគេបន្ថែម តើគេយល់ និងមានសមត្ថភាពធ្វើការងារនោះបានកម្រិតណា។ លើសពីនោះ បើត្រូវធ្វើការបណ្តុះបណ្តាល ឬណែនាំបន្ថែម សូមផ្តល់ឲ្យពួកគេ។​

9610082555_f6b23a542b_b

៤. ប្រាប់ពីមូលហេតុដែលយើងផ្ទេរឲ្យ៖  កុំទាន់ឲ្យគេឆ្ងល់ ឬសួរអ្នកថា “ហេតុអ្វីបានជាអ្នកផ្ទេរការងារនោះឲ្យគេ?” អ្នកត្រូវតែប្រាប់គេមុន ដើម្បីបង្ហាញពីតម្លាភាព និងសុឆន្ទះពិតប្រាកដរបស់អ្នក។ មូលហេតុមានច្រើន ដែលអ្នកត្រូវប្រាប់ទៅពួកគេ ដូចជា៖ អ្នកត្រូវរវល់ អ្នកមានការងារច្រើនក្នុងពេលតែមួយ ឬពិសេសចង់ឲ្យគេចេះការងារនោះ ជាដើម។

៥. បង្ហាញពីលទ្ធផលដែលអ្នកចង់បាន៖ ដោយសារគេ មិនមែនជារូបអ្នក ហើយដោយសារការងារនោះ អាចមិនមែនជាការងាររបស់ពួកគេ ដូចនេះអ្នកចាំបាច់ត្រូវប្រាប់ពីលទ្ធផលដែលអ្នកចង់បាន។ ពេលគេដឹងច្បាស់ លទ្ធផលកម្រិតណាដែលអ្នកចង់បានហើយ គេនឹងខិតខំប្រឹងប្រែង និងធ្វើឲ្យសម្រេចតាមកម្រិតនោះដែរ ជាជាងទុកឲ្យគេធ្វើដោយមិនបានប្រាប់។

៦.​ លៃលកធនធានដែលត្រូវការ៖ ត្រូវដឹងថា សម្រាប់កិច្ចការដែលយើងត្រូវផ្ទេរឲ្យគេនោះ ត្រូវការធនធានផ្សេងៗដើម្បី ធ្វើឲ្យសម្រេចដែរឬទេ ដូចជា៖ ថវិកា ជាដើម។

៧. កំណត់ពេលវេលាដែលត្រូវបញ្ចប់ការងារ៖ បើមិនបានកំណត់ពេលវេលាដើម្បីសម្រេចការងារនេះ នោះគឺជាកំហុសឆ្គងដ៏ធំបំផុត សម្រាប់ការធ្វើប្រតិភូកម្មការងារ។ ទាំងអ្នកផ្ទេរឲ្យ និងអ្នកទទួល ចាំបាច់ត្រូវតែយល់ព្រមជាមួយគ្នា នូវកាលបរិច្ឆេទច្បាស់លាស់ តើថ្ងៃណា ឬម៉ោងណាដែលអ្នកចង់បានលទ្ធផល ឬថ្ងៃណាម៉ោងណាដែលអ្នកអាចធ្វើការងារនោះបានសម្រេច។

deadline-dates-980x360-980x360

៨. ការទំនាក់ទំនង និងគាំទ្រ៖ ដរាបណាការងារមិនទាន់បានសម្រេច ដរាបនោះអ្នកមិនអាចនៅស្ងៀម ដោយទុកឲ្យពួកគេធ្វើការងារនោះតែម្នាក់ឯង ឬឯកឯងនោះទេ។ ត្រូវឧស្សាហ៍សួរទៅកាន់អ្នកដែលទទួលការងារនោះថា តើការងារនោះដល់ណាហើយ? ត្រូវការជំនួយទេ? មានអីឲ្យខ្ញុំជួយទេ? ទោះបីគេមិនសួរអ្នក ក៏អ្នកត្រូវតែសួរគេដែរ។ ត្រូវបារម្ភពីការងារនោះ ពីព្រោះការងារនោះជាការទទួលខុសត្រូវរបស់អ្នកដែរ។ ចូរចងចាំថា “ផ្ទេរ មិនមែនបោះចោលនោះទេ!”។​

៩. លទ្ធផល៖ ដល់ពេលកំណត់ អ្នកត្រូវតែសួររកលទ្ធផលការងារនោះ ឬទទួលយកការងារនោះមកវិញ។ ត្រូវវាយតម្លៃលើលទ្ធផលដែលពួកគេបានធ្វើ ហើយត្រូវចេះអរគុណ កោតសរសើរ និងផ្តល់យោបល់បន្ថែមក្នុងករណីគេមានចំនុចខ្វះខាត។

សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)

រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (JakJay)