ហ៊ុន​​ ម៉ាណែត
លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ABC អូស្រ្តាលី

 

ក្នុងកិច្ចសម្ភាសន៍ពិសេស និងដ៏កម្រមួយជាមួយ ​ទូរទស្ស​ន៍​អេប៊ីស៊ីអូស្រ្តាលី​ អំពីការបន្តដំណែងពីឪពុក (សម្តេច ហ៊ុនសែន) លោក ហ៊ុន ម៉ាណែត បានឆ្លើយថា “ខ្ញុំមិនដឹងទេ” ដែលនេះ ត្រូវបានចាត់ទុកជាចម្លើយដ៏សមស្របបំផុតមួយ។ ការឆ្លើយតបបែបនេះ គឺជារឿងសមស្រប ពីព្រោះមូលហេតុសំខាន់ៗ ៤៖

 

ទី១៖ ​កម្ពុជា​ជា​ប្រទេស​ប្រជា​ធិ​បតេយ្យ​ សេរី ពហុបក្ស​ ដែលការបោះឆ្នោតត្រូវ​ធ្វើឡើង​​រៀងរាល់​៥ឆ្នាំម្តង ដូចនេះការសម្រេចឡើងទៅកាន់ដំណែងនាយករដ្ឋមន្រ្តី គឺអាស្រ័យលើប្រជារាស្រ្ត មិន​មែន​ដូចបណ្តាប្រទេសមួយចំនួន ឧទាហរណ៍ ប្រទេសកុម្មុយនិស្ត កូរ៉េខាងជើងនោះទេ។

ទី២៖ ទោះបីជា សម្តេច ហ៊ុន សែន ជាប្រមុខបក្សប្រជាជន និងជាបុគ្គលដែលមានអំណាចជាងគេក៏ដោយ ក៏ការសម្រេចជ្រើសរើសបេក្ខភាព នាយករដ្ឋមន្រ្តី គឺជាសម្រេចចិត្តរបស់សមាជបក្សប្រជាជនកម្ពុជាដែរ។ ដូចនេះ លោកហ៊ុន ម៉ាណែត មិនអាចឆ្លើយតាមចិត្តបានឡើយ ត្បិតអី អាចប៉ះពាល់ដល់ បញ្ហាផ្ទៃក្នុងរបស់បក្ស។

ទី៣៖ លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន បុគ្គលដែលគ្រប់គ្រងអំណាចជាងបីទសវត្សរ៍។ សម្តេច ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានមួយចំនួន ចោទប្រកាន់អំពី ភាពផ្តាច់ការ ពុករលួយ ជាដើម។ ដូចនេះ ចង់ឬមិនចង់ លោក ហ៊ុន ម៉ាណែត មិនអាចនិយាយជាសាធារណៈបានទេ ពីព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឪពុកកាន់តែខ្លាំង។

ទី៤៖ ការបន្តតំណែងនៅវែងឆ្ងាយទៀត ពីព្រោះគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្ររួចហើយ បេក្ខភាពនាយករដ្ឋមន្រ្តីរបស់ខ្លួនសម្រាប់អាណត្តិបន្តបន្ទាប់។ ដូចនេះ បើគណបក្សប្រជាជនឈ្នះឆ្នោត សម្រាប់អាណត្តិទី៦ (ឆ្នាំ២០១៨) សម្តេចហ៊ុនសែន នៅតែជានាយករដ្ឋមន្រ្តីដដែល ហើយម្យ៉ាងវិញទៀត សម្តេចក៏មិនទាន់បានប្រកាសជាផ្លូវការណាមួយ អំពីគម្រោង​ឈប់ពីតំណែង ឬបេក្ខភាពនាយករដ្ឋមន្រ្តីនៅឡើយទេ។

 

សូមបញ្ជាក់ថា៖ ​បច្ចុប្បន្ន ឯកឧត្តម ហ៊ុន ម៉ាណែត មានតួនាទី​ជានាយរងសេនា​ធិការចម្រុះ​ មេបញ្ជា​ការ​​រង​កងទ័ពជើង​គោក​ និង​ជា​មេបញ្ជា​ការ បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំងពិសេស​ប្រឆាំងភេវកម្ម។ លោកបានបញ្ចប់ការសិក្សា នៅសាលាយោធាដ៏ល្បីរបស់អាមេរិច West Point ក្នុងឆ្នាំ១៩៩៩ និងបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។

 

លោក ហ៊ុន ម៉ាណែត និងសម្តេចហ៊ុនសែន ក្នុងពិធីទទួលសញ្ញាបត្រយោធា នៅសហរដ្ឋអាមេរិច ក្នុងឆ្នាំ១៩៩៩ (រូបភាព៖ getty images)
លោក ហ៊ុន ម៉ាណែត និងសម្តេចហ៊ុនសែន ក្នុងពិធីទទួលសញ្ញាបត្រយោធា នៅសហរដ្ឋអាមេរិច ក្នុងឆ្នាំ១៩៩៩ (រូបភាព៖ getty images)

 

ទស្សនាកិច្ចសម្ភាសន៍រយៈពេល ៦.១៦នាទី រវាងលោក ហ៊ុន ម៉ាណែត និងទូរទស្សន៍ ABC អូស្រ្តាលី

 

 

អត្ថបទទទួលបានពីប្រិយមិត្តអ្នកអាន (មតិមិត្តអ្នកអាន)