L51A5494

ខាងក្រោម ជាចំនុចសំខាន់បីដែលពាក់ព័ន្ធជាមួយពេលវេលា ទីកន្លែង និងពាក្យពេចន៍ដ៏សាកសម សម្រាប់ ការបកស្រាយអាថ៌កំបាំងបេះដូង។

ពេលវេលា៖ តាមពិតទៅ គ្រាន់តែជួបមុខ ហើយនិយាយថា “ខ្ញុំស្រលាញ់អ្នក” គឺចប់បាត់ទៅហើយ ប៉ុន្តែរឿងស្នេហា ដែលបេះដូងជាសាច់ជាឈាម មិនមែនគ្រាន់តែបែបហ្នឹងទេ។ យើងគួរ​ជ្រើសរើសពេល​វេលាដ៏​ពិសេស​ណាមួយ​ដូចជា​ថ្ងៃខួប​កំណើតរបស់គេ ថ្ងៃ​បុណ្យ​នៃក្តីស្រលាញ់ ថ្ងៃគំរប់​ដែលយើង​ជួបគេ​ដំបូង ពេលវេលា​ដ៏​គ្រោះថ្នាក់ ឬប្រថុច​ញ៉ុច​ណាមួយជាដើម ដើម្បីបញ្ចេញពាក្យប៉ុន្មានម៉ាត់នោះ។

ទីកន្លែង៖ សម្រាប់ទីកន្លែងដែលល្អវិញ យើងអាចជ្រើសរើស​កន្លែងដែល​គេ​មិនធ្លាប់​ស្គាល់ ឬកន្លែងដែលគេមិននឹកស្មានថា អ្នកយកសម្រាប់​សារភាព​ស្នេហា​របស់អ្នក។ ជាក់ស្តែង​ក្នុង​ភាព​យន្ត មនុស្ស​ភាគច្រើនបាន​សារភាព នៅក្នុងចំណោម​មនុស្សជាច្រើននៅទីសាធារណៈ ដែលយើងសង្កេត​ឃើញ​ថាភាគច្រើន គឺ​ទទួល​បានភាព​ជោគជ័យ។ ជោគជ័យអាច មកពី​ដៃគូរបស់​យើង​មិនហ៊ានប្រកែក ឬមិនទាន់ប្រកែក តែបើគេប្រកែកវិញ គឺពិត​ខ្មាស់​គេ​ខ្លាំងណាស់។ ឯអ្នកខ្លះទៀត បានជ្រើសរើសកន្លែង ដែលជាក្តីស្រមៃរបស់ដៃគូដែលប្រាថ្នាចង់ទៅ ហើយគេចេះឆ្លាតឱកាសដែលគេកំពុងរំភើបចិត្ត ក៏ឆ្លៀតសារភាពតែម្តងទៅ។

ពាក្យពេចន៍ប្រើប្រាស់៖ ពាក្យសំដីដែលត្រូវប្រើប្រាស់​ក៏​សំខាន់ផងដែរ។ បើ​យើងហ៊ានហើប បបូរមាត់​សារភាពស្នេហា​ សូមកុំ​និយាយ​សាមញ្ញពេក ដូចជា “បងស្រលាញ់​អូន ឬអូនស្រលាញ់បង”។ យើង​អាច​អនុញ្ញាតឲ្យ​ព្រលឹង​កវី​និពន្ធណា​ម្នាក់​​មកសណ្ឋិតក្នុងខ្លួន​វិញទៅមើល។ និយាយមកដល់ត្រង់នេះ ខ្ញុំនៅចងចាំ​ពាក្យ​​មួយឃ្លា​ដែលខ្ញុំបាន​សារភាព​ចំពោះមុខអតីត​សង្សារ​របស់​ខ្ញុំ ដែល​បច្ចុប្បន្ន​​ជាម្តាយ​ដ៏ល្អសម្រាប់កូនប្រុសទាំងពីរ​របស់ខ្ញុំថា៖ ខ្ញុំមិន​ដែល​សោក​ស្តាយ​អ្វី​ដែល​ខ្ញុំបានធ្វើទេ តែខ្ញុំសោកស្តាយអ្វីដែល​ខ្ញុំមិនទាន់បានធ្វើ នោះ​គឺនិយាយថា បងស្រលាញ់អូនមិត្តអ្នកអាន និងយុវជន​ទាំងអស់ អាចប្រើប្រាស់​ពាក្យសំដី​ដ៏មាន​ន័យ និង​ផ្អែមល្អែម​ដទៃ​ទៀត ដូចមានក្នុងសៀវភៅ ឬគេហទំព័រស្នេហាជាច្រើនទៀត។

ប៉ុន្តែចំនុចសំខាន់មួយដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត នៅពេលសារភាពស្នេហ៍ នោះ មើលទឹកចិត្តរបស់គេផង។ បើមើលទៅ ស្ថានការណ៍មិនសូវស្រួល (គេមិនស្រលាញ់យើង) ទេ សូមកុំទាន់ហ៊ានប្រថុយអី។​

 


ដោយ៖ រិទ្ធ សីហបុត្រ

រក្សាសិទ្ធិដោយ៖ ចែកចាយ

សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)