3500
លោក Vitaly Mutko រដ្ឋមន្រ្តីកីឡារបស់រុស្ស៊ី (រូបភាព៖ Maxim Zmeyev/Reuters)

 

ភាពតានតឹងរវាងរុស្ស៊ី និងទួរគី បានកើនឡើងដល់កម្រិតកំពូល ក្រោយការបាញ់ទម្លាក់យន្តហោះ​ចម្បាំងរុស្ស៊ី នៅទឹកដីទួរគី ដែលជាប់នឹងព្រំដែនស៊ីរីកាលពីពេលថ្មីៗនេះ។ រុស្ស៊ី បានសម្រេចចិត្ត​ឆ្លើយតបវិញ ដោយវិធានការជាច្រើន ក្នុងនោះក៏មានដែរ ការហាមមិនឲ្យមានការទិញកីឡាករ​បាល់ទាត់​​ចូលពីប្រទេសទួរគី។ ក្រៅពីនោះក៏មានវិធានការផ្សេងៗទៀតដែរ ដែលពាក់ព័ន្ធនឹង​កីឡា​បាល់ទាត់។

កាលពីថ្ងៃអាទិត្យ លោក Vitaly Mutko រដ្ឋមន្រ្តីទទួលបន្ទុកកីឡារបស់រុស្ស៊ី បានបញ្ជាក់ថា៖ ក្លិបកីឡា​បាល់​ទាត់ទាំងអស់ក្នុងប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឲ្យចុះកិច្ចសន្យាជាមួយកីឡាករ ជនជាតិ​ទួរគី​​ទេ នៅពេលបើករដូវកាលដោះដូរកីឡាករនៅពេលខាងមុខនេះ។ ប្រាប់ទៅកាន់ សារព័ត៌មាន កីឡាឈ្មោះ R-Sports លោកបាននិយាយថា “នរណា​ដែល​ចង់ចុះកុងត្រាជាមួយកីឡាករទួរគី ក្នុង ពេលដោះដូរកីឡាករខាងមុននេះ គឺមិនអាច​ទៅរួច​ឡើយ​”។

លោកបន្តបញ្ជាក់ថា៖ ការហាមឃាត់នេះ មិនប៉ះពាល់ដល់កីឡាករដែលកំពុងលេងឲ្យក្លិបនានា ក្នុងប្រទេសរុស្ស៊ីឡើយ ឧទាហរណ៍កីឡាករ Gokdeniz Karadeniz ខ្សែបម្រើរបស់ក្លិប Rubin Kazan ជាដើម។ “កីឡាករដែលកំពុងស្ថិតក្នុងកិច្ចសន្យា អាចបន្តលេងក្នុងប្រទេសរុស្ស៊ីបាន” បញ្ជាក់បន្ថែមដោយលោក Mutko។ លោកបានបន្ថែមទៀតថា៖ ក្រុមហ៊ុនរបស់ប្រទេសទួរគី ដែល​កំពុងពាក់ព័ន្ធនឹងការសាងសង់ពហុកីឡដ្ឋាន សម្រាប់ World Cup 2018 នៅរុស្ស៊ី ត្រូវបាន​អនុញ្ញាត​ឲ្យបន្តសកម្មភាពរបស់ខ្លួនដដែល។

លោករដ្ឋមន្រ្តីដែលទើបចូលកាន់ដំណែងរូបនេះក៏បានបញ្ជាក់ដែរថា៖ គម្រោងនៃការបោះជំរុំហ្វឹកហាត់​របស់ក្លិបបាល់ទាត់​នានា​របស់រុស្ស៊ី នៅទួរគី ត្រូវបានណែនាំឲ្យលុបចោលទាំងអស់។​ ក្លិបធំៗមួយ​ចំនួន​ដូចជា៖ Lokomotiv Moscow, Spartak Moscow, FC Krasnodar និង Kuban Krasnodar បានបញ្ជាក់ថា ពួកគេកំពុងគិតពីការណែនាំនេះ។

 

 

ប្រភព៖ សារព័ត៌មានរបស់អង់គ្លេស The Guardian