0b2c0f4f7276d5cab9ebf370bc3a4b57_L
ពានរង្វាន់ Bangabadhu Gold Cup ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ បង់ក្លាដេស

 

ទោះបីជាបរាជ័យពីរប្រកួតជាប់គ្នា នៅកម្មវិធី Bangabadhu Gold Cup នៅប្រទេសបង់ក្លាដេស ក៏ដោយ ប៉ុន្តែកម្ពុជា បានបង្ហាញខ្លួនយ៉ាងល្អគួរឲ្យចាប់អារម្មណ៍។ ដើម្បីរួមចំណែកលើកកំពស់ និងអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា យើងគួរតែសិក្សាដើម្បីរៀបចំកម្មវិធីប្រកួតបែបនេះ។ តើអាចទៅរួចទេ និងជោគជ័យទេ បើកម្មវិធីបែបនេះមាននៅកម្ពុជា?

អ្នកគាំទ្រភាគច្រើន មិនសូវសប្បាយចិត្តប៉ុន្មានទេ ចំពោះលទ្ធផលពីរប្រកួតដំបូងរបស់កម្ពុជា ក្រោយចាញ់ ប្រទេសម៉ាឌីវ ២ទល់៣ និងបន្តចាញ់ប្រទេសបារ៉ែន ០ទល់១ ហើយសល់១​ប្រកួត​បង្គ្រប់កិច្ចទៀតជាមួយ ប្រទេសបង់ក្លាដេស អាយុក្រោម២៣ឆ្នាំ។ ប៉ុន្តែអ្វីដែលកម្ពុជាបានបង្ហាញ គឺការលេងដ៏ល្អ ប្រកបដោយបេះដូង និងបច្ចេកទេសល្អពិតប្រាកដ។ ជាការល្អប្រសើរជាងនេះ ប្រសិនបើសហព័ន្ធបាល់ទាត់កម្ពុជា រៀបចំព្រឹត្តិការណ៍ដូចគ្នា ឬស្រដៀងគ្នានេះនៅកម្ពុជា។

 

១. ពានរង្វាន់ និងក្រុមដែលអាចអញ្ជើញឲ្យចូលរួម

ពានរង្វាន់អតីតព្រះមហាវីរក្សត្រ នរោត្តមសីហនុ ឬ King Sihanouk Cup ឬពានរង្វាន់របស់បណ្តាវីរបុរសខ្មែរផ្សេងទៀត គួរតែត្រូវបានរៀបចំ។ សហព័ន្ធអាចអញ្ជើញ បណ្តាប្រទេសដែលមានសមត្ថភាពបាល់ទាត់ប្រហាក់ប្រហែលកម្ពុជា ដូចជា៖ ប៊ូតាន នេប៉ាល់ ស្រីលង្ការ ម៉ាឌីវ ជាដើម។ លើសពីនេះ កម្ពុជា ក៏អាចរៀបចំជាក្រុមបាល់ទាត់អាយុក្រោម២៣ ឬ២១ឆ្នាំក៏បាន។ ពិសេសសម្រាប់ប្រាក់រង្វាន់ កម្ពុជាអាចពិនិត្យមើលទំហំប៉ុន្មានដែលកម្ពុជា អាចមានលទ្ធភាព និងអាចទាក់ចិត្តអ្នកចូលរួម។

 

២. តើហិរញ្ញវត្ថុបានមកពីណា? 

យើងអាចលក់សិទ្ធិរៀបចំការប្រកួត និងការផ្សព្វផ្សាយឲ្យស្ថានីយទូរទស្សន៍ណាមួយ។ អ្នកទិញ​សិទ្ធិការប្រកួតអាច ស្វែងរកម្ចាស់ឧបត្ថម្ភកម្មវីធីពីបណ្តាក្រុមហ៊ុនធំៗបាន។ លើសពីនេះ យើងក៏អាចលក់សិទ្ធិផ្សាយផ្ទាល់ទៅឲ្យបណ្តាប្រទេស ដែលបានចូលរួមនោះបន្តផ្ទាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការលក់សំបុត្រចូលរួមទស្សនា ក៏ជាប្រភពចំណូលដ៏សំខាន់មួយផងដែរ ជាក់ស្តែងបទពិសោធន៍ដែលទទួលបានពីការប្រកួតជម្រុះ World Cup កន្លងមក។ អ្នករៀបចំការប្រកួត ក៏អាចរៀបចំឲ្យមានស្តង់លក់ ឬរៀបចំកន្លែងសម្រាប់ផ្សព្វផ្សាយផលិតផលមួយចំនួន នៅពេលប្រកួតផងដែរ។ ប្រភពមួយទៀត គឺសហព័ន្ធត្រូវរៀបចំ ទំនាក់ទំនងសហការជាមួយបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងស្ថាប័នផ្សេងៗទៀត ដើម្បីសម្រួលដល់ការចំណាយ ត្បិតអីការទទួលប្រតិភូកីឡាករ ក៏ជាការផ្សព្វផ្សាយកន្លែងរបស់ពួកគេដែរ។ នៅមានយុទ្ធសាស្រ្តផ្សេងៗទៀត ដែលសហព័ន្ធអាចរកប្រាក់ចំណូលពីការរៀបចំការប្រកួតនេះបានដែរ។

 

៣. តើកម្ពុជា បានប្រយោជន៍អ្វីពីការរៀបចំព្រឹត្តិការណ៍នេះ?

បទពិសោធន៍សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមស៍ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺជាហេតុផលចម្បងមួយ។ លើសពីនេះ មុខមាត់កម្ពុជា លើឆាកអន្តរជាតិ ពិសេសក្នុងក្រសែរភ្នែក របស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងបណ្តាប្រទេសផ្សេងទៀត។ ពិសេសជាងនេះ ការលើកកម្ពស់សមត្ថភាពរបស់កីឡាករកម្ពុជា ដែលកំពុងរីកចម្រើន។

 

សរុបមក ដើម្បីបង្កើតមុខមាត់កម្ពុជា បទពិសោធន៍សម្រាប់ស៊ីហ្គេមស៍២០២៣ និងអភិវឌ្ឍន៍វិស័យបាល់ទាត់ កម្ពុជាគួរតែពិនិត្យលទ្ធភាពដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទាត់ណាមួយ ទោះបីមានការខ្វះខាតខាងហិរញ្ញវត្ថុក៏ដោយ។ អ្នកគាំទ្របាល់ទាត់ទាំងអស់ នៅតែមានសង្ឃឹម និងចង់ចូលរួមគាំទ្រជាតិរបស់ខ្លួន ក្នុងទឹកដីរបស់ខ្លួន។

 

 


អត្ថបទពីមិត្តអ្នកអាន