Who-Will-Bell-the-Cat

 

…កាលពីដើមឡើយ មានហាងលក់ទំនិញមួយកន្លែងត្រូវបានលុកលុយដោយសត្វកណ្តុររៀងរាល់ថ្ងៃ។ ដោយមិនចង់ឲ្យទំនិញក្នុងហាងត្រូវបានកំទេច និងស៊ីដោយហ្វូងសត្វកណ្តុរចង្រៃទាំងនោះ ម្ចាស់ហាង​ក៏គិតយកសត្វឆ្មាមកចិញ្ចឹម។

គាត់បានទិញសត្វឆ្មាដ៏ធាត់ទ្រលុក គួរឲ្យស្រលាញ់មួយក្បាល ហើយរៀងរាល់ថ្ងៃសត្វឆ្មាដ៏ឧស្សាហ៍​មួយ​ក្បាល​​នោះតែងតែតាមចាប់កណ្តុរជានិច្ច។ សម្លាប់ផង ស៊ីជាអាហារផង ធ្វើឲ្យហ្វូងកណ្តុរមិនអាចរកស៊ី​បាន​​​​ដូច​មុន ហើយចំនួនសមាជិកកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ មិនអាចបន្តរស់នៅ​បែបនេះ​តទៅទៀតបាន មេក្រុមកណ្តុរក៏កោះប្រជុំជាបន្ទាន់។ ប្រធានអង្គប្រជុំលើកឡើង “យើងមិនអាចបន្តបែប​នេះទៀត​ទេ…ហើយត្រូវតែរកវិធីដើម្បីទប់ទល់នឹងសត្វឆ្មាចង្រៃនោះ។ តើបងប្អូនកណ្តុរណា មាន​យោបល់​​អ្វី​ទេ?”។

លឺសំណួរប្រធានអង្គប្រជុំបែបនេះ សត្វកណ្តុរទាំងអស់ធ្វើមុខស្ងួត អោនមុខចុះទាំងក្តី​អស់សង្ឃឹមជា​ខ្លាំង ដោយគិតថានឹងគ្មានមធ្យោបាយណាមួយឡើយ។ ប៉ុន្តែរំពេចនោះ មានសត្វកណ្តុរដ៏វ័យឆ្លាត ក៏​លើក​ឡើងគំនិតមួយ ដោយនិយាយទៅកាន់អង្គប្រជុំថា “ជាទូទៅ សត្វឆ្មាធ្វើដំណើរវាយ​ឆ្មក់យើងដោយ​ដំណើរយឺតៗ និងស្ងាត់ស្ងៀមបំផុត ដូចនេះយើងគួរតែរកកណ្តឹងមួយទៅពាក់នឹងករបស់វា។ ដូចនេះ រាល់​ពេលធ្វើដំណើរ វានឹងលន់លឺជាដំណឹងដល់យើងជាមិនខាន ហើយធ្វើបែបនេះ យើងពិតជា​មាន​ផ្លូវហើយ”។

 

Belling-the-Cat

 

លឺបែបនេះ កណ្តុះទាំងអស់នាំគ្នាងើបមុខឡើង ហើយញញឹមដោយក្តីសង្ឃឹម។ ចំណែកប្រធានក្រុម​ដែល​​ចាស់ជាងគេ ក៏ងើបឡើងពីកៅអីយឺតៗ ហើយសួរទៅកាន់អង្គប្រជុំ “គំនិតនេះល្អ…​តើមានបងប្អូន​ណា​ហ៊ានធ្វើកិច្ចការនេះ (ពាក់កណ្តឹងទៅឆ្មា)?”។ នៅស្ងៀមមួយស្របក់ គ្មានសត្វកណ្តុរ​ណាស្ម័គ្រ​ចិត្ត​ហ៊ានធ្វើកិច្ចការនេះឡើយ សូម្បីតែកណ្តុរដ៏វ័យឆ្លាតម្ចាស់គំនិតក៏ដោយ។

< គំនិតអប់រំ៖ ដំណោះស្រាយដែលគ្មានបានការ គឺគ្មានតម្លៃអ្វីទាំងអស់។ >

 


ប្រែសម្រួលពីគេហទំព័រ៖ English for Student