អត្ថបទដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី (មន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម)

 

how-to-fix-rid-eliminate-stop-bad-breath-video-tips-causes
(រូបតំណាង)

 

តើអ្វីជា halitosis?

ជំងឺក្លិនមាត់ គឺជាខ្យល់ដង្ហើមមិនល្អ ដែលចេញពីមាត់ពេលដកដង្ហើម។ វាត្រូវបានគេស្គាល់ផងដែរ ជាភាសាបច្ចេកទេសថា «Halitosis» ។ ក្លិនអាក្រក់នេះអាចកើតឡើងតែក្នុងរយៈពេលមួយ ឬវាអាចជាយូរអង្វែងអាស្រ័យទៅលើមូលហេតុរបស់វា។ បញ្ហាក្លិនមាត់នេះ ត្រូវបានគេរកឃើញថា បណ្តាលមកពីវត្តមានបាក់តេរីរាប់លាន ដែលមាននៅក្នុងមាត់ជាពិសេសនៅផ្នែកខាងក្រោយនៃអណ្តាត។ លើសពីនោះ ស្ថានភាពស្ងួតនៅក្នុងមាត់ ក៏ជាកត្តាអំណោយផលបំផុត សម្រាប់ការលូតលាស់នៃពពួកបាក់តេរីទាំងឡាយ។

 

ប្រភេទមួយចំនួន នៃជំងឺក្លិនមាត់ត្រូវបានគេចាត់ទុកជារឿងធម្មតា ឧទាហរណ៍បញ្ហាក្លិនមាត់ពេលព្រឹក ជាដើម។ បញ្ហានេះកើតឡើងដោយសារតែការបំរែបម្រួលទឹកមាត់នៅពេលអ្នកគេង។ ក្នុងអំឡុងពេលថ្ងៃ ទឹកមាត់នឹងលាងសំអាតអាហារ និងក្លិនដែលមាននៅក្នុងមាត់របស់អ្នក។ កត្តាធម្មជាតិនៃរាងកាយធ្វើឱ្យទឹកមាត់តិចនៅពេលយប់ ដូចនេះធ្វើឲ្យមាត់របស់អ្នកប្រែទៅស្ងួត ដែលកត្តានេះធ្វើឲ្យកំទេចកំទីចំនីអាហារដែលបានស្អិតជាប់លើអណ្តាត និងផ្នែកខាងក្នុងថ្ពាល់របស់អ្នកបង្កជាបាក់តេរីដែលបង្កើតជាក្លិនមាត់មិនល្អ ។

 

តើអ្វីជាមូលហេតុនៃ halitosis?

ក្លិនមាត់មិនល្អអាចត្រូវបានបង្កឡើងដោយមូលហេតុ ដូចខាងក្រោម៖

 

  • កង្វះអនាម័យមាត់ធ្មេញ– ការដុសធ្មេញញឹកញាប់ពេក ឬដុសធ្មេញ និងប្រើប្រាស់អំបោះទាក់ធ្មេញ (Dental Floss) មិនបានត្រឹមត្រូវ អាចធ្វើឱ្យចំនីអាហារដែលជាប់រវាងធ្មេញបង្កជារោគពុកធ្មេញ។ ដូច្នេះកង្វះអនាម័យមាត់ធ្មេញក៏អាចនាំអោយមានជំងឺអញ្ចាញធ្មេញ ដែលអាចបង្កឱ្យមានក្លិនមាត់មិនល្អផងដែរ។
  • ជំងឺក្នុងមាត់ – បញ្ហាទាំងនេះ ក៏អាចកើតឡើងដោយសាររោគពុកធ្មេញ ឬដោយជំងឺអញ្ចាញធ្មេញ
  • ជំងឺផ្លូវដង្ហើម – ជំងឺ និងចំណីអាហារមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហាក្លិនមាត់ផងដែរ ដូចជា បញ្ហាបំពង់ក ជំងឺសួត ជាដើម។ សម្រាប់របបអាហារដូចជា៖ ខ្ទឹម កាហ្វេ ការចុកថ្នាំជក់ ការជក់បារី ឬស្រាទំពាំងបាយជូរក្រហម ក៏ជាកត្តារួមចំណែកដល់ការបង្កជាបញ្ហាក្លិនមាត់មិនល្អ។
  • ជំងឺស្ងួតមាត់ (xerostomia) – ស្ងួតមាត់ អាចបង្កឡើងដោយបញ្ហាក្រពេញទឹកមាត់ ការប្រើប្រាស់ថ្នាំពេទ្យច្រើន ឬដំណើរការដកដង្ហើមតាមមាត់។
  • ជំងឺប្រចាំកាយ – ជំងឺមួយចំនួនទៀត ដូចជាជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺតម្រងនោម ជំងឺសួត ក៏អាចបណ្តាលឲ្យមានបញ្ហាក្លិនមាត់ផងដែរ។
  • បញ្ហាជំងឺផ្នែកចិត្តសាស្រ្ត – មនុស្សមួយចំនួនបានគិតថាពួកគេមានដង្ហើមអាក្រក់ ប៉ុន្តែតាមពិតទៅអ្នកផ្សេងទៀតមិនបានចាប់អារម្មណ៍ឡើយ។ មូលហេតុប្រភេទនេះ ត្រូវបានហៅជាភាសាបច្ចេកទេសថា «pseudo halitosis»។
bad-breath-causes-food
ខ្ចឹម គឺជាប្រភេទអាហារ ដែលបង្កឲ្យមានក្លិនមាត់ខ្លាំង

 

 

តើអ្វីជារោគសញ្ញា ដែលបង្ហាញថាអ្នកមានជំងឺ halitosis?

ពេលខ្លះអ្នកអាចដឹងថា ខ្លួនមានបញ្ហាក្លិនមាត់ ប៉ុន្តែពេលខ្លះអ្នកមិនអាចដឹងបានឡើយ នោះដោយ​សារ​កោសិកាក្លិនក្នុងច្រមុះ បានសាំនឹងក្លិនមាត់របស់អ្នកទៅហើយ។ មនុស្សផ្សេងទៀតអាចនឹងមានប្រតិកម្មដោយងាកមុខចេញ ឬសម្ដែងចេញតាមទឹកមុខនៅពេលអ្នកនិយាយ។ រោគសញ្ញាផ្សេងទៀត ដែលបង្ហាញពីមូលហេតុ នៃក្លិនមាត់មិនល្អ:

 

  • ជំងឺរាលដាលនៅក្នុងមាត់ – រោគសញ្ញាមួយចំនួន គឺអាស្រ័យលើប្រភេទនៃការឆ្លងមេរោគផ្សេងៗ មានដូចជា:
    • ការហើម ឬរលាកអញ្ចាញធ្មេញដែលអាចចេញឈាមយ៉ាងងាយស្រួលជាពិសេសបន្ទាប់ពី ដុសធ្មេញ ឬ ការទាក់ធ្មេញដោយអំបោះ (flossing)
    • ខ្ទុះចន្លោះធ្មេញ ឬដំបៅចុងរឹស (អាប់សែ) ធ្មេញរង្គឺ ឬរលុងធ្មេញសិប្បនិមិ្មត
    • មានការឈឺចាប់​​ មានដំបៅនៅលើអណ្តាត ឬអញ្ចាញធ្មេញ ឬមានកូនកណ្តុរហើមនៅក
  • អាការៈមួយចំនួន -​ សភាពមួយចំនួនដូចជា ការតឹងច្រមុះ ហៀរសំបោរ ការក្អកដែលមានស្លេស មាត់ស្ងួតជាដើម ត្រូវបានបង្ហាញដោយរោគសញ្ញាមួយចំនួនដូចជា៖
    • ពិបាកលេបអាហារដែលស្ងួត
    • ការរលាកនៅក្នុងមាត់ រោគពុកធ្មេ្មញ ឬបញ្ហាស្ងួតភ្នែក
    • ជំងឺទូទៅ – រោគសញ្ញានៃជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺខ្សោយតម្រងនោម ឬជំងឺថ្លើម

 

ការធ្វើរោគវិនិច្ឆ័យ

 

  • ទន្តបណ្ឌិត ឬគ្រូពេទ្យអាចសម្គាល់ថាមានក្លិនមាត់មិនល្អ ក្នុងអំឡុងពេលជួបជាមួយអ្នកជំងឺ។ ​ក្លិននៃខ្យល់ដង្ហើមរបស់អ្នកជំងឺ ក៏អាចធ្វើឲ្យយើងអាចសន្និដ្ឋានពីមូលហេតុ​នៃជំងឺនេះបាន។ ឧទាហរណ៍ “ក្លិនផ្លែឈើ” អាចជាសញ្ញាមួយរបស់ជំងឺទឹកនោមផ្អែម។ ក្លិនដូចទឹកនោម អាចបង្ហាញថា មនុស្សម្នាក់នោះកំពុងមានហានិភ័យខ្ពស់នៃជំងឺតម្រងនោម ​ពេលខ្លះអាចបង្ហាញពីការខ្សោយតម្រងនោម។
  • ការពិនិត្យមើលធ្មេញ អញ្ចាញធ្មេញ មាត់ និងក្រពេញទឹកមាត់។ លើសពីនេះការពិនិត្យទៅលើក្បាលនិងករបស់អ្នកជំងឺ ក៏អាចវាយតម្លៃទៅលើខ្យល់ដង្ហើមរបស់អ្នកថា ដកដង្ហើមតាមច្រមុះ ឬពីមាត់។
  • ទន្តបណ្ឌិត ឬពេទ្យធ្មេញ អាចនាំអ្នកទៅជួបគ្រូពេទ្យទូទៅ ប្រសិនបើជំងឺនេះកើតឡើង ដោយមូលហេតុនៃជំងឺទូទៅផ្សេងទៀត មិនមែនបណ្តាលមកពីបញ្ហាមាត់ធ្មេញ។ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ នៃជំងឺអញ្ចាញធ្មេញ ពេទ្យធ្មេញអាចនឹងណែនាំអ្នកទៅជួបពិនិត្យព្យាបាលជាមួយ ទន្តបណ្ឌិតឯកទេស (ទន្តពេទ្យដែលមានជំនាញក្នុងបញ្ហាអញ្ចាញ)។

អ្នកនឹងត្រូវធ្វើតេស្តរោគវិនិច្ឆ័យប្រសិនបើគ្រូពេទ្យសង្ស័យថាមានជំងឺសួត ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺថ្លើម ឬ ជំងឺ Sjögren នេះ។ អ្នកអាចទទួលបានការធ្វើតេស្តឈាម ការធ្វើតេស្តទឹកនោម ការថតកាំរស្មីអ៊ិចទៅលើទ្រូង ឬការធ្វើតេស្តផ្សេងទៀត។

 

វិធីសាស្រ្តបង្ការការពារ

  • ការបង្ការខ្យល់ដង្ហើមមិនល្អ ដែលបង្កឡើងដោយបញ្ហាធ្មេញ អាចងាយស្រួលដោយ ដោយគ្រាន់តែសំអាតធ្មេញឲ្យបានត្រឹមត្រូវ និងការថែទាំបានល្អ។ ដុសធ្មេញ អណ្តាត និងអញ្ចាញធ្មេញបន្ទាប់ពីទទួលទានអាហារ និងប្រើប្រាស់អំបោះទាក់ធ្មេញ (Dental Floss) ប្រចាំថ្ងៃ។ លើសពីនេះ សូមប្រើប្រាស់ទឹកខ្ពុលមាត់ជាប្រចាំ ពិសេសត្រូវជួបគ្រូពេទ្យធ្មេញឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីធ្វើការពិនិត្យ និងសំអាតធ្មេញ។

 

Blue toothbrush with striped toothpaste on white background

 

……………………………………………………..

ទទួលសិទ្ធិចុះផ្សាយ ពីមន្ទីរព្យាបាលធ្មេញបស្ចិម