នៅកម្ពុជា កាលពីប៉ុន្មានទសវត្សរ៍មុន បើអ្នកមិនចេះអាន ឬ​សរសេរ​អក្សរខ្មែរទេ គេនឹងចាត់ទុកអ្នកថា “អនក្ខរជន” ប៉ុន្តែមកដល់ពេល​បច្ចប្បន្ន​នេះ ទោះបីអ្នកចេះនិយាយ អាន ឬសរសេរអក្សរខ្មែរបានល្អប៉ុន្មានក៏ដោយ បើអ្នកមិនចេះភាសាបរទេស ដូចជាភាសាអង់គ្លេស ឬចិននោះទេ “អក្ខរជន” ក៏មិនមានប្រយោជន៍ប៉ុន្មានសម្រាប់អ្នកដែរ។

ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវសិក្សា ឬចេះភាសាបរទេសបន្ថែម? ចុះបើមិនចេះភាសាបរទេសបន្ថែមទេ តើមានផលវិបាកអ្វីទៅ? ខាងក្រោម​អាចជា​មូល​ហេតុសាមញ្ញ​មួយចំនួន ដែលបង្ហាញយ៉ាង​ច្បាស់ពី​សារៈសំខាន់​នេះ។

  • ការសិក្សាស្រាវជ្រាវ៖ ស្របពេលដែលឯកសារជាខេមរភាសា នៅ​មាន​ចំនួនតិចតួចនៅឡើយ ចាំបាច់ណាស់ដែល​គ្រប់អ្នកសិក្សា​ត្រូ​វ​មាន​សមត្ថភាពស្វះស្វែងរកឯកសារភាសាបរទេស ពិសេស​គឺ​ភាសា​អង់គ្លេស។ មានឯកសារល្អៗ សម្បូរបែប ដែលសរសេរជា​ភាសា​បរទេសដូចជា សៀវភៅ គេហទំព័រ សារព័ត៌មាន…ជាដើម។

 

  • ទំនាក់ទំនង៖ យើងពិតជាអាចពង្រីកព្រំដែននៃទំនាក់ទំនងរបស់ខ្លួនបានតាមរយៈភាសាបរទេស ទាំងក្នុងទំនាក់ទំនងសង្គមធម្មតា ទាំ​ង​ក្នុ​ងវិស័យពាណិជ្ជកម្ម។ មិនខ្វល់ថាអ្នកជាជនជាតិអ្វី នៅ​ទីណា​ឡើយ បើអ្នកចេះសរសេរ ឬនិយាយភាសាដូចគ្នា យើងពិតជា​អាច​ទំនាក់ទំនងគ្នាបាន។ អ្នកខ្លះអាចបង្កើតមិត្តភាព ហើយអ្នកខ្លះទៀត ក៏អាចបង្កើតស្នេហា ជាមួយអ្នកនៅក្រៅប្រទេសផងដែរ ពីព្រោះគេ ចេះភាសាដូចគ្នាដែលអាចទំនាក់ទំនងបាន។

 

  • ឱកាសការងារ៖ ចេះនិយាយ សរសេរ អាន ភាសាបរទេស ពិតជា​​អាចបង្កើនឱកាសក្នុងការទទួលបានការងារទាំងក្នុងប្រទេស និង​ក្រៅប្រទេស ទាំងក្នុងក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេស។ ឧទាហរណ៍ជាក់ស្តែង ក្នុងពេលដែលសមាហរណកម្មអាស៊ាន​ចុង​ឆ្នាំ២០១៥ គ្រប់ប្រជាជនអាស៊ាន អាចមានឱកាសទៅធ្វើការក្នុង​ប្រទេសណាក៏បាន ឲ្យតែយើងមានសមត្ថភាព ហើយ​សមត្ថភាព​មួយដែលយើងមិនអាចខ្វះបាន គឺភាសាបរទេសណាមួយ ពិសេស​គឺភាសាអង់គ្លេស។

 

  • ការធ្វើដំណើរទៅក្រៅប្រទេស៖ មិនទាន់ទាំងបាន​ដើរចេញពី​​​ព្រលានយន្តហោះ ផង គ្រប់អក្សរដែលសរសេរបង្ហាញ ក៏មិនមែនភាសា​យើង​​​ដែរ។ នៅបរទេសពិតណាស់ថា ប្រជាជនរបស់គេ ស្លាកសញ្ញា​បង្ហាញផ្សេងៗ ក៏មិនមានជាភាសាយើងដែរ។

 

លើសពីនេះ យើងក៏អាចយល់ដឹងពីវប្បធម៌​របស់​បណ្តា​​ប្រទេស​នានា​ជុំវិញពិភពលោក ដែលការយល់ដឹងនេះ បានជួយអ្នកមិនតិចទេក្នុង​ការសិក្សា ធ្វើការ និងរស់​នៅ​បរទេស ឬជាមួយបរទេស។ បើអ្នកមិ​នចេះ​ភាសាបរទេស ពិសេសភាសាអង់គ្លេស ឬភាសាចិន អ្នកនឹងស្គាល់រសជាតិ នៃសុភាសិតខ្មែរមួយគឺ “មុជមិនជ្រៅ ទៅមិនឆ្ងាយ”

…………………..

“កម្រិតនៃការយល់ដឹងផ្នែកភាសារបស់អ្នក គឺជាការកំណត់​នូវ​ទំហំនៃ​ពិភព​លោក​​​​របស់អ្នក”។

ឡូដវិក វីដចេនស្តេន – ទស្សនវិទូ ជនជាតិអូទ្រីស

………………………………

ប៉ុន្តែសូមកុំភ្លេចរៀនសូត្រភាសាជាតិខ្លួនឲ្យបានច្បាស់លាស់ ពីព្រោះបើ​អ្នកចេះភាសាជាតិខ្លួនបានច្បាស់ វារិតតែធ្វើឲ្យអ្នកសិក្សាភាសាបរទេសបាន ស្រួល ជៀសវាងចេះតែភាសាបរទេស ដល់បកប្រែជាភាសាខ្មែរ មិនដឹងថាយ៉ាងម៉េច។

រក្សាសិទ្ធិដោយ៖ ចែកចាយ (JakJay)