ការដែលបានក្លាយជាឪពុកម្តាយរបស់គេ ពិតជាពិបាកណាស់ទៅហើយ ហើយវារឹតតែពិបាកទៀត ដែលពួកគាត់ត្រូវអប់រំកូនៗខ្លួន ឲ្យប្រតិបត្តិ និងក្លាយជាមនុស្សល្អក្នុងសង្គមដែលខ្លួនរស់នៅ។ តើធ្វើយ៉ាងណា ដើម្បីក្លាយជាឪពុកម្តាយល្អ សម្រាប់កូនៗរបស់លោកអ្នក?

មានចំណុចច្រើនណាស់ ដែលលោកអ្នកជាឪពុកម្តាយ ត្រូវអនុវត្តន៍ ដើម្បីអប់រំកូនៗរបស់លោកអ្នក ក្លាយជាបុត្រល្អ មិត្តល្អ បងប្អូនល្អ និងជាប្រជាពលរដ្ឋល្អ។ ខាងក្រោមនេះ ជាចំណុចទាំង ១៣ ដែលលោកអ្នកអាចយកមកធ្វើជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាឪពុកម្តាយល្អ។

១​. ឪពុកម្តាយ​គួរតែចេះប្រើប្រាស់ពាក្យសុំទោស​ ទៅកាន់កូន​នៅពេល​ដែល​ខ្លួន​បាន​ធ្វើខុស ។​ ការធ្វើបែបនេះ​មិនមែន មាន​ន័យថាអ្នកអស់តំលៃ​ជា​ឪពុកម្តាយទេ​ តែវាធ្វើអោយ​អ្នកក្លាយជាឪពុកម្តាយដ៏អស្ចារ្យនិ​ងជាគំរូល្អដល់កូន​អ្នកទៅវិញទេ។​

២​​. ឪពុកម្តាយ​ទាំងអស់គួរតែបង្កើតការ​រំលឹកមួយដែល​អាចជួយ​អោយ​អ្នក​អាចកាត់បន្ថយនូវកំហឹង​ ការ​ស្រែកខ្លាំងៗដាក់កូន ការវាយ​ពិន័យកូន​ និង​ការ​និយាយពាក្យមិនល្អទៅកាន់​កូន​ដែល​អាច​អោយ​អ្នកស្តាយក្រោយ និង​ជា​គំរូមួយមិនល្អដល់កូន​។

៣.ពេល​ខ្លះ​ឪពុកម្តាយតែងតែ​មាន​ការ​តានតឹង​​អារម្មណ៍ដែលអាចជាមូលហេតុធ្វើអោយ​អ្នកមាន​ភាព​មួរម៉ៅ  ​និង​ខឹង​ចំពោះកូន។​ ដូច្នេះ​អ្នកគួរតែដកឃ្លាបន្ធូរភាពតានតឺងរបស់អ្នក​ដោយ​គ្រាន់តែទៅ​លំហែរខាងក្រៅ ស្រូបយកខ្យល់អាកាស​ ហើយ​ព្យាយាមគិតពីភាពវិជ្ជមាន​និង​ធ្វើការ​លើកទឹកចិត្តខ្លួនឯង​។​

៤​. ឪពុកម្តាយគ្រប់រូបត្រូវ​តែ​រៀន​ចេះ​អត់ធ្មត់អោយ​បាន​ច្រើន ចំពោះការ​មើល​ថែបុត្រធីតារបស់ខ្លួន។​ ការគ្រប់គ្រង​អារម្មណ៍បានល្អ អាច​ធ្វើអោយ​ទំនាក់ទំនង​ជុំវិញ​ក្រុមគ្រួសារ​មាន​ភាព​ស្និទ្ធស្នាលនិង​ស្រលាញ់គ្នាកាន់តែខ្លាំង។​

៥​. ការ​បង្ហាញសេចក្តីស្រឡាញ់និង​ភាព​អាណិតអាសូរ ​របស់ឪពុកម្តាយទៅកាន់កូន​គឺប្រសើរ ជាង​បង្ហាញនូវភាពអត់ធ្មត់​។ ​ពេលខ្លះ កូន​របស់អ្នក​ប្រហែលត្រូវការ​អោយ​អ្នកយល់ពីពួកគេ ហើយសេចក្តីស្រឡាញ់ និង​ភាពអាណិតអាសូរ ​នេះ​អាចជួយអោយ​កូនអ្នកមិនឆេវឆាវ ​និង​មានសេចក្តីស្រឡាញ់កាន់តែច្រើនចំពោះអ្នក​នៅ​ជុំវិញខ្លួនរបស់ពួកគេ។​

៦​. កាយវិការ​របស់ឪពុកម្តាយពិតជាសំខាន់ណាស់ក្នុង​ការ​ដោះស្រាយ​បញ្ហាជាមួយនឹង​កូន​របស់អ្នក​។​ ពួកគេតែងតែ​មើល​នូវប្រតិកម្ម​របស់អ្នក ​តប ត ​ទៅ​នឹងបញ្ហានិមួយៗ​។​ ដូច្នេះ​ចូល​រៀន​ហាត់ពត់រាល់ប្រតិកម្មឆ្លើយតប​​នឹង​កាយវិការ​របស់អ្នកអោយបាន​ល្អ ដើម្បីធ្វើជាគំរូរបស់កូន។​

៧​. ឪពុកម្តាយគួរតែចំណាយពេល​វេលាផ្ទាល់ជាមូយកូនម្នាក់ម្តង​ៗ អោយ​បាន​ស្មើរគ្នា។ ធ្វើដូចនេះអ្នកអាចស្វែង​យល់ពីពួកគេ​កាន់តែច្បាស់ ហើយ​ព្រមទាំង​អោយ​​ពួកគេមាន​អារម្មណ៍ស្និទ្ធស្នាល​ និង​មាន​ភាពជឿជាក់ក្នុង​ការ​ពិភាក្សា​ជាមួយ​ឪពុកម្តាយ ​។​

៨​. ឪពុកម្តាយ​គ្រប់រូបត្រូវ​តែកំនត់នូវ​ការ​រំពឹងទុក​សំរាប់កូនៗ​​របស់អ្នក ដែល​ជាមូល​ហេតុធ្វើអោយ​កូនៗ​ ក៏ដូចជា​ឪពុកម្តាយ​ មាន​ការ​ខិតខំប្រឹង​ប្រែង​ក្នុង​ការ​សំរេច​ ទៅតាមសេចក្តីរំពឹងទុក​ទាំង​នោះ​។​

៩. ឪពុកម្តាយ​គួរតែបង្ហាញនូវ​សេចក្តី​ស្រលាញ់ទៅ​ដល់កូន​ៗ​តាម​រយៈ​ការ​អោប​ផងដែរ។​ការអោប​នេះ​គឺ​វាសាមញ្ញ​ប៉ុន្តែ​វា​បាន​ធ្វើអោយ​កូន​របស់អ្នក​ទទួល​បាន​នូវភាពកក់ក្តៅ​និង​ភាព ស្និទ្ធស្នាល​ជាមួយឪពុកម្តាយ។​

១០.​ ឪពុកម្តាយ​គួរតែឆ្លើយតបទៅរាល់សំណួរ​របស់កូនៗអ្នក​ ដោយ​សេចក្តី​ពេញចិត្ត​ ព្រម​ទាំង​ឆ្លើយ​តបរាល់សំណួរ​ដោយ​មាន​ហេតុផល​​សមរម្យ ដែលវាជាកត្តាអោយ​កូនៗ​របស់អ្នកនឹងក្លាយ​ជាមនុស្សម្នាក់ដែល​ចូលចិត្តចែករំលែក​ និង​​ជាមនុស្សដែល​មាន​ហេតុផល។

១១​. ឪពុកម្តាយ​គួរតែ​បង្រៀនអោយកូនរបស់អ្នក​មាន​ទំនួលខុសត្រូវ​ ដោយ​គ្រាន់តែ​ផ្តល់នូវ​កិច្ចការងារ​ផ្ទះ​ងាយៗណាមួយ ដល់ពួកគេធ្វើជា​រៀងរាល់ថ្ងៃ  ការធ្វើបែបនេះ​អាច​ជួយអោយ​ពួកគេរៀន​ចេះពីទំនួលខុសត្រូវបាន​​។​

១២. ឪពុកម្តាយ​គួរតែផ្តល់ស្នាមញញឹម​គ្រប់ពេល​ទៅដល់កូន ស្នាម​ញញឹម​មាន​អត្ថន័យជាច្រើន​សំរាប់កូនអ្នក។ ​វា​អាចបញ្ចាក់ប្រាប់កូនៗអ្នក តាម​រយះស្នាម​ញញឹមនេះ​បានថា​ អ្នក​ស្រលាញ់ពួកគេ អ្នកកំពុងតែមាន​មោទនភាព​ចំពោះពួកគេ  ​អ្នកសប្បាយជាមួយពួកគេ​ អ្នក​ចូលចិត្តឃើញពួកគេ​សប្បាយចិត្ត និង​អ្នក​ពេញចិត្ត​នឹង​ចំណាយពេល​ជាមួយពួកគេ​​។​

១៣​. ឪពុកម្តាយ​គួរតែបង្កើតនូវគោលដៅរួមមួយសំរាប់គ្រួសារ​ ដើម្បី​អោយ​សមាជិក​នៅក្នុង​គ្រួសារ​បាន​ធ្វើការ​ប្តេជ្ញានិងប្រឹងប្រែងរួមគ្នាដើម្បីធានាថាគ្រួសារជាកន្លែងដែលមានសុខ​សុវត្ថិភាព​និង​មានសុភមង្គល។​

ជាមេដឹកនាំមួយរូប ប្រៀបបានដូចនឹងឪពុកម្តាយដូច្នេះដែរ។ ចូរប្រតិបត្តិ និងផ្តល់ដំបូន្មាន ព្រមទាំងចេះស្រឡាញ់កូនចៅ បុគ្គលិក និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកក្រោមបង្គាប់ដូចឪពុកម្តាយព្យាយាមជម្រុញកូនៗដូច្នោះដែរ៕

 

ប្រភព៖ Pinterest

ដោយ៖ គេហទំព័រ ចែកចាយ (jakjay.com)