រូបភាពរថយន្តទំនើប៣គ្រឿង កំពុងបើកបរលើផ្ទូរក្នុងតំបន់ជនបទ ប្រទេសកម្ពុជា (រូបភាព៖ Steve Hyde)
រូបភាពរថយន្តទំនើប៣គ្រឿង កំពុងបើកបរលើផ្ទូវក្នុងតំបន់ជនបទ ប្រទេសកម្ពុជា (រូបភាព៖ Steve Hyde)

 

ជាមួយរូបភាពរថយន្តទំនើបៗ ៣គ្រឿងដែលកំពុងបើកបរលើផ្លូវនៅទីជនបទមួយ គណនីហ្វេសប៊ុកមួយឈ្មោះ «Steve Hyde» បានបង្ហាញថា តម្លៃរថយន្តទំនើបទាំង៣គ្រឿងនោះ អាចសាងសង់ផ្ទះសម្រាប់ប្រជាជនក្រីក្រ៣០០ខ្នងបាន។

គណនីឈ្មោះ «Steve Hyde» បានបង្ហោះថ្ងៃនេះ ដោយសរសេរជាភាសាអង់គ្លេស ត្រូវបានប្រែសម្រួលថា “Lamborghini, Rolls-Royce និង Lexus 570 ទាំងអស់សុទ្ធតែសេរី២០១៦។ បើសរុបតម្លៃវិញ ប្រហែលជាង ១.៥០លានដុល្លារ។ តម្លៃសរុបរថយន្តទាំង៣ អាចសង់ផ្ទះឲ្យប្រជាជនក្រីក្របាន៣០០ខ្នងឯណោះ។ តើកម្ពុជាជាប្រទេសក្រីក្រមែនទេ? អត្មានិយម, បាទ!”។

ក្រោយ Post បានជាងមួយម៉ោង មានអ្នកចែករំលែកបន្តរហូតដល់ជាង ៣០០នាក់។ ឆ្លើយតបនឹងរូបភាព និងទស្សនៈខាងលើនេះ មានអ្នកចូលទៅ comment មួយចំនួនផងដែរ។ «មិនគួរឲ្យជឿសោះ កម្ពុជា» «ព្រះរាជាណាចក្រអច្ឆរិយៈ ពិតជាគួរឲ្យឆ្ងល់មែន!» «មិនដែលបានឃើញឡាន Rolls-Royce សោះ ទាល់តែចេញពីប្រទេសអភិវឌ្ឍន៍ មកប្រទេសកំពុងអភិវឌ្ឍន៍ទើបឃើញ។ ពិតជារឿងគួរឲ្យអស់សំណើចមែន!»។

 

2

 

សូមបញ្ជាក់ថា៖ បច្ចុប្បន្នប្រទេសកម្ពុជា មានប្រជាជនជាង១៥លាននាក់ ហើយមានផលិតផលក្នុងស្រុកសរុបប្រមាណ ១៨.០៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ (ប្រជាជនម្នាក់ជាង១,១០០ដុល្លារ ក្នុងមួយឆ្នាំ)។ បើយោងតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ៧.៩% ជាមធ្យមក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០០០ ដល់២០១៥។ ស្របពេលដែល​ប្រទេសកម្ពុជាស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ ប៉ុន្តែរថយន្តទំនើបៗ តម្លៃខ្ទង់សែន ឬលានដុល្លារកំពុងបង្ហាញវត្តមានយ៉ាងច្រើន។

ទិដ្ឋភាពនេះ ត្រូវបានគេមើលឃើញ និងសន្មតអំពីអំពើពុករលួយ ត្បិតអីសន្ទស្សន៍នៃអំពើពុករលួយនៅកម្ពុជា មានកម្រិតអាក្រក់នៅឡើយ។ យោងតាមរបាយការណ៍អង្គការតម្លាភាពអន្តរជាតិ (Transparency International) កម្ពុជាស្ថិតនៅលេខរៀងទី១៥០ ក្នុងចំណោម១៦៧ប្រទេស។

 

corruption
សន្ទស្សន៍នៃអំពើពុករលួយឆ្នាំ២០១៥ (រូបភាព៖ អង្គការតម្លាភាពអន្តរជាតិ)

 

 


ប្រភព៖ ហ្វេសប៊ុក, ធនាគារអភិវឌ្ឍន៍អាស៊ី, អង្គការតម្លាភាពអន្តរជាតិ

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….