លោកអ្នកប្រហែលជាបានទស្សនាការប្រកួតយ៉ាងជក់ចិត្ត និងបុកពោះ រវាងក្រុម សាម៉ារ៉ៃ ជប៉ុន និងគោព្រៃកម្ពុជា កាលពីយប់មិញហើយមែនទេ? បញ្ចប់ការប្រកួត៩០នាទី ក្រុមយក្សបាល់ទាត់អាស៊ី បានសុតបំបោងសំណាញ់កម្ពុជា តែ៣គ្រាប់​ប៉ុណ្ណោះ ដោយកីឡាករបីរូប ដែលលេងទៅតំបន់អឺរ៉ុប។ ឯក្រុម​អាស៊ានមួយទៀត គឺសិង្ហបុរីចាញ់​ស៊ីរី ១ ទល់នឹង០។ ក្រៅពីកម្ពុជា និងសិង្ហបុរី ក្រុមប្រទេសស្ថិត​ក្នុង​តំបន់អាស៊ានផ្សេងៗទៀត សុទ្ធតែត្រូវក្លាយជាសាច់ចិញ្ច្រាំ ពេល​ជួបជាមួយក្រុមខ្លាំងៗ។

 

ជម្រើស១១នាក់ដំបូង របស់ក្រុមកម្ពុជា ពេលជួបជាមួយជប៉ុន យប់មិញ
ជម្រើស១១នាក់ដំបូង របស់ក្រុមកម្ពុជា ពេលជួបជាមួយជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥

 

ក្នុងពូល A ក្រុមជើងខ្លាំងមួយ (ក្នុងតំបន់) ម៉ាឡេស៊ី ត្រូវបានម្ចាស់ផ្ទះ អារ៉ាប់រួម បំបាក់រហូតដល់១០ ទល់នឹង ០ ពេលដែលប្រទេសថ្មីថ្មោង ទីម័រខាងកើត ចាញ់ក្រោមថ្មីជើងអារ៉ាប់ប៊ីសាអូឌីត ៧ ទល់នឹង ០ ដែរ។ ចំណែកឯពូល G វិញ ឡាវ ដែលទើបយកឈ្នះកម្ពុជាក្នុងការប្រកួតមិត្តភាពថ្មីៗនេះ បានចាញ់ ក្រុមបិសាចក្រហម កូរ៉េខាងត្បូង ៨ ទល់នឹង ០ ពេលដែលក្រុមកំពុងឡើងជើង មីយ៉ាន់ម៉ា ត្រូវម្ចាស់ផ្ទះគុយវ៉ែត ស្វាគមន៍បានយ៉ាងល្អដោយលទ្ធផល ៩ ទល់នឹង ០។

 

ដោយឡែក ក្រុមបាល់ទាត់ប្រទេសអាស៊ីមួយចំនួនទៀត ដូចជា ប៊ូតាន់ ដែលកម្ពុជាបានយកឈ្នះ ២ ទល់នឹង០ កាលពីខែមុន ត្រូវបានក្រុមប្រទេសអ្នកមាន កាតា លុតរហូតដល់ ១៥ ទល់នឹង០ ហើយតៃវ៉ាន់ ត្រូវចាញ់ អុឺរ៉ាក់ ៥ ទល់នឹង ១។

 

រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (Jak Jay)