តើមូលហេតុអ្វី ដែលបង្កឲ្យមានបញ្ហាក្លិនមាត់?
ជាទូទៅមានមូលហេតុសំខាន់ៗ ចំនួន៤ ដែលបង្កឲ្យមានបញ្ហាក្លិនមាត់៖
១. មាត់ស្ងួត៖ ចូរចងចាំថា មាត់ស្ងួត គឺជាកន្លែងល្អបំផុតសម្រាប់បាក់តេរី ដែលបង្កឲ្យមានក្លិនមាត់។ ការនិយាយច្រើន ការទទួលទានគ្រឿងស្រវឹង ការជក់បារី និងគេងស្រមុក សុទ្ធតែជាមូលហេតុធ្វើឲ្យមាត់ស្ងួត។
២. អាហារ៖ កាកសំណល់នៃចំណីអាហារដែលនៅជាប់មាត់ធ្មេញក្នុងរយៈពេលមួយ នឹងបង្កឲ្យមានបាក់តេរីដែលក្លាយជាក្លិនមាត់មិនល្អ ដូចជា សាច់សត្វ សាច់ត្រីជាដើម។ លើសពីនេះ អាហារមួយចំនួនពិសេស ខ្ទឹមបារាំង និងខ្ទឹមស សុទ្ធតែជាប្រភេទដែលធ្វើឲ្យមានក្លិនមាត់មិនល្អផងដែរ។
៣. កង្វះអនាម័យមាត់ធ្មេញ៖ ការសំអាតធ្មេញ និងធ្វើអនាម័យមិនបានទៀងទាត់ និងត្រឹមត្រូវក៏បង្កឲ្យកើតមានបាក់តេរីក្នុងមាត់ផងដែរ ហើយកត្តានេះ ក៏អាចធ្វើឲ្យលោកអ្នកមានជំងឺពុកធ្មេញ និងរលាកអញ្ជាញជាដើម។ អាស៊ីត និងការរលាកដែលបង្កឲ្យមានឈាម ឬសារជាតិមួយចំនួន ក៏ជាកត្តាបង្កឲ្យមានក្លិនមិនល្អដែរ។
៤. ជំងឺផ្សេងៗ៖ ក្រៅអំពីមូលហេតុដែលកើតឡើងដោយសារមាត់ធ្មេញ មូលហេតុនៃក្លិនមាត់មិនល្អ ក៏បង្កដោយជំងឺផ្សេងៗដែរ ដូចជា ទឹកនោមផ្អែម រលាកក្រពះពោះវៀន រលាកតម្រងនោម មហារីក ជំងឺថ្លើម ជាដើម។

តើត្រូវដោះស្រាយបញ្ហាក្លិនមាត់តាមរបៀបណា?
ចូរចាប់ផ្តើម ជាមួយវិធីសាស្រ្តងាយៗ និងសាមញ្ញមួួយចំនួន ដើម្បីបំបាត់ខ្យល់ដង្ហើមមិនល្អ៖
១. ទទួលអាហារដែលមានជាតិហ្វាយប៊ឺខ្ពស់ និងជៀសវាងជាតិផ្អែម៖ ចំណីអាហារប្រភេទនេះ អាចជួយការពារអ្នកពីបញ្ហាក្លិនមាត់បាន។ លើសពីនេះ ចូរជៀសវាងនូវប្រភេទអាហារមួយចំនួន ដូចជា ទឹកក្រូច នំ បង្ហែម ឬ ការ៉េមជាដើម។
២. ប្រើប្រាស់ទឹកខ្ពុលមាត់៖ បើមិនមានទម្លាប់ប្រើប្រាស់ទឹកខ្ពុលមាត់ទេ សូមចាប់ផ្តើមទៅ ពីព្រោះទឹកខ្ពុលមាត់អាចជួយសម្លាប់បាក់តេរី ដែលបង្កឲ្យមានក្លិនមាត់បាន។
៣. ញ៉ាំតែ (តែប៉ៃតង ឬតែខ្មៅ)៖ តែគ្រប់ប្រភេទ មានផ្ទុកនូវសារធាតុ polyphenols ដែលអាចជួយកាត់បន្ថយបាក់តេរី បង្កឲ្យមានក្លិនមាត់បាន។
៤. ជៀសវាងការប្រើប្រាស់ថ្នាំមួយចំនួន៖ បើអាចទៅរួច ចូរជៀសវាង ប្រភេទថ្នាំ បន្ថយការគិតច្រើន ថ្នាំបន្ថយការឈឺចាប់ ឬប្រភេទ antihistamines ពីព្រោះឱសថប្រភេទនេះ គឺជាប្រភេទដែលបង្កឲ្យមានបញ្ហាក្លិនមាត់ផងដែរ។
៥. ជៀសវាងផលិតផលដែលមានជាតិសូដ្យូម Lauryl ឬជាតិអាកុល៖ ចូរជៀសវាងការប្រើប្រាស់ផលិតផលមាត់ធ្មេញណាដែលមានជាតិ សូដ្យូម Lauryl ឬជាតិអាកុលខ្ពស់ ពីព្រោះផលិតផលប្រភេទនេះតែងតែធ្វើឲ្យមាត់របស់យើងស្ងួតខ្លាំង ដែលអាចនាំទៅរកការបង្កជាក្លិនមាត់។
៦. សំអាតមាត់ធ្មេញឲ្យបានស្អាត ក្រោយទទួលទានអាហារ៖ វាអាចជាវិធីសាមញ្ញបំផុត ហើយអ្នកក៏មិនត្រូវមើលស្រាលផងដែរ។ ការដុសសំអាតធ្មេញបានត្រឹមត្រូវ និងទៀងទាត់ ក៏អាចការពារអ្នកពីបញ្ហាក្លិនមាត់បានដែរ។
៧. ឈប់ជក់បារី៖ តាមការស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលពិសារបារី គឺមានហាយនិភ័យខ្ពស់បំផុត នៃបញ្ហាជំងឺផ្សេងៗ និងបញ្ហាក្លិនមាត់។ ដូចនេះ សូមកាត់បន្ថយ ដើម្បីឈានទៅរកបញ្ឈប់ទាំងស្រុងពីថ្ងៃនេះ។
៨. ការទទួលទានទឹក៖ ការញ៉ាំទឹកច្រើន ការអាចកាត់បន្ថយក្លិនមាត់បានដែរ ពីព្រោះវាអាចធ្វើឲ្យមាត់របស់យើងមានសំនើមរហូត។
៩. ព្យាយាមកាត់បន្ថយការដកដង្ហើមតាមមាត់៖ ការដកដង្ហើមតាមច្រមុះ គឺជាមធ្យោបាយដ៏ល្អបំផុត មួយដើម្បីកាត់បន្ថយ ការស្ងួតបំពាក់ក។
១០. សំអាតអណ្តាតជាប្រចាំ៖ ចំណីអាហារដែលជាប់នឹងកអណ្តាតរបស់យើង ក៏អាចបង្កជាបញ្ហាក្លិនមាត់ដែរ ដូចនេះរាល់ពេលដុសធ្មេញ សូមឆ្លៀតដុសអណ្តាតរបស់អ្នកផង។
១១. ដុសសំអាតធ្មេញពាក់៖ លោកអ្នកដែលមានធ្មេញពាក់ (Denture) ក៏ត្រូវតែដុសសំអាតធ្មេញនោះជាប្រចាំដែរ យ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយថ្ងៃ។
១២. ប្រើប្រាស់អំបោះទាក់ធ្មេញ ឬ Dental Floss៖ ច្រាសដុសធ្មេញពិតជាមិនអាចជ្រៀតចូលជ្រៅក្នុង ចន្លោះធ្មេញរបស់លោកអ្នកបានទេ ពិសេសចំណីអាហារដូចជាសាច់។ ដូចនេះ អំបោះទាក់ធ្មេញ គឺជាមធ្យោបាយល្អមួយ ដើម្បីយកកាកសំណល់អាហារនោះចេញក្រៅ។

ប្រភព៖ therabreath.com